ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងគោលដៅចំនួន ៨ កន្លែង។
ប្រតិបត្តិការនេះ មានគោលបំណងច្បាស់លាស់ក្នុងការបោសសម្អាតទីតាំងសង្ស័យដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ និងសង្គម។
លទ្ធផលនៃការចុះប្រតិបត្តិការ៖
ក្រោមការដឹកនាំផ្ទាល់របស់លោកអភិបាលខណ្ឌ រួមជាមួយលោក-លោកស្រី អភិបាលរងខណ្ឌ បានចុះពិនិត្យលើអាគារខុនដូ អាផាតមិន សណ្ឋាគារ និងការិយាល័យក្រុមហ៊ុនមួយចំនួន។ យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង៖
ក្រុមការងារបានពិនិត្យលើបន្ទប់ស្នាក់នៅសរុបចំនួន ៥៤៥ បន្ទប់។
រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១១៩ នាក់ (ស្រី ៣៤ នាក់) ស្មើនឹង ២៥ សញ្ជាតិ។
ជនបរទេសទាំងអស់មានលិខិតឆ្លងដែន និងឯកសារស្នាក់នៅត្រឹមត្រូវតាមច្បាប់។
លទ្ធផលសរុប៖ មិនមានការរកឃើញបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតាមទីតាំងទាំង ៨ ខាងលើនេះទេ។
ក្នុងឱកាសនោះ លោក សុខ សម្បត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាគារ ម្ចាស់ខុនដូ និងផ្ទះសំណាក់ទាំងអស់ ដែលបានសហការផ្តល់ព័ត៌មានជូនអាជ្ញាធរ។ ការចូលរួមរបស់បងប្អូនគឺជាកម្លាំងចលករដ៏សំខាន់ ដែលអនុញ្ញាតឱ្យអាជ្ញាធរអាចកំណត់គោលដៅបានត្រឹមត្រូវ និងទាន់ពេលវេលា។
លោកអភិបាលខណ្ឌបានបញ្ជាក់យ៉ាងមុតមាំថា រដ្ឋបាលខណ្ឌបឹងកេងកងនឹងបន្តរក្សាភាពម៉ឺងម៉ាត់ក្នុងប្រតិបត្តិការបោសសម្អាតក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាទាំងនេះឱ្យអស់ពីមូលដ្ឋាន ដើម្បីចូលរួមចំណែកការពារសន្តិសុខក្នុងខណ្ឌ ក៏ដូចជាក្នុងក្របខណ្ឌនៃព្រះរាជាណាចក្
រកម្ពុជាទាំងមូល។
ដោយ ឆុង ឈន

















