ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបន្តចុះប្រតិបត្តិការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក និងពិនិត្យការគ្រប់គ្រងជនបរទេសដែលស្នាក់នៅ និងធ្វើការងារក្នុងមូលដ្ឋានខណ្ឌមានជ័យ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក សេង គន្ធ បានសង្កត់ធ្ងន់ដល់ម្ចាស់ទីតាំងទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការគ្រប់គ្រងជនបរទេសឱ្យបានហ្មត់ចត់។ លោកបានបញ្ជាក់ថា ការគ្រប់គ្រងជនបរទេសមិនមែនជាការរឹតត្បិតនោះទេ ប៉ុន្តែគឺជាការធានាឱ្យមានការរស់នៅ និងធ្វើអាជីវកម្មស្របច្បាប់ ដែលនឹងចូលរួមចំណែកជួយដល់សន្តិសុខ និងស្ថិរភាពសង្គមក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងមូល។
ប្រតិបត្តិការចុះត្រួតពិនិត្យនេះនឹងបន្តអនុវត្តជាបន្តបន្ទាប់ ដើម្បីធានាថាការគ្រប់គ្រងជនបរទេសក្នុងមូលដ្ឋានខណ្ឌមានជ័យ មានភាពត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តនៃព្រះរាជាណាចក្រកម្ពុជា។
ដោយ÷ឆុង ឈន










