សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ករណីលួចយកម៉ូតូ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ស្រែកចោរនៅបឹងទំពន់
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ចេញល្បាតនៅក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុចផ្លូវប្រឡាយ ភូមិ សន្សំកុសល១ សង្កាត់បឹងទំពុនទី១ ក៏បានជួបជនសង្ស័យ០២នាក់ ឈ្មោះ សៅ មិត្ត និងឈ្មោះ លី ជិះម៉ូតូ០២គ្រឿង ដោយជនសង្ស័យ ឈ្មោះសៅ មិត្ត ជិះម៉ូតូ Honda Airblade ជិះធាក់រុញម៉ូតូ ម៉ាក Honda Dream ដែលជិះដោយជនសង្ស័យ ឈ្មោះ លី ដោយមានការសង្ស័យសមត្ថកិច្ចក៏ហៅជនសង្ស័យទាំង០២នាក់ ដើម្បីសាកសួរ ស្រាប់តែជនសង្ស័យទាំងពីរបានរត់គេចខ្លួន ដូច្នេះ
សមត្ថកិច្ចក៏ដេញតាមឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ សៅ មិត្ត ចំណែកឯជនសង្ស័យឈ្មោះ លី គេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចក៏នាំខ្លួនជនសង្ស័យ ឈ្មោះសៅ មិត្ត និងម៉ូតូ០២គ្រឿង យកមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ។ នៅមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះសៅ មិត្ត បានសារភាពថាម៉ូតូម៉ាកខាងលើ ខ្លួននិងបក្ខពួក ០២នាក់ទៀតបានធ្វើសកម្មភាពលួចពីចំណុច ផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់វេលាម៉ោង០៨:៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះ ឈ្មោះ រឿន ញុឹប បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។
សម្ភារបន្សល់ទុកៈ ម៉ូតូ០២គ្រឿង ម៉ាក Honda Airblade ពណ៌ខ្មៅ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ) និង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AD 4879 (ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូរបស់ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ៕
ដោយ÷លោក ឆុង ឈន





