អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់គ្រប់មជ្ឈដ្ឋានចូលរួមយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ ពាណិជ្ជករ ក៏ដូចជាសប្បុរសជននានា ឱ្យចូលរួមគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីតំណាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអភិបាលក្រុង-ស្រុកទាំងអស់។
យោងតាមការគ្រោងទុក យុទ្ធនាការដ៏មានអត្ថន័យមនុស្សធម៌នេះ នឹងរៀបចំធ្វើឡើងក្នុងទម្រង់ជា «កម្មវិធីជិះកង់រៃអង្គាសថវិកា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
សកម្មភាពនេះ មិនត្រឹមតែបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចំពោះសុខុមាលភាពរបស់កុមារដែលជាទំពាំងស្នងឫស្សីរបស់ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកដ៏សំខាន់ក្នុងការសម្រាលបន្ទុកចំណាយរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាទីកន្លែងសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់កន្លងមក។
រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នឹងចូលរួមគាំទ្រយុទ្ធនាការនេះដោយស្ម័គ្រចិត្ត និងទឹកចិត្តសប្បុរសធម៌ ដើម្បីបន្តនិរន្តរភាពនៃការព្យាបាលជំងឺជូនកុមារកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព៕
Vichhai-News




