អាជ្ញាធរខណ្ឌច្បារអំពៅ សម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះរវាងនាយកសាលាបឋមសិក្សារបោះអង្កាញ់ និងបុគ្គលិកបង្រៀនបានដោយជោគជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ជម្លោះពាក្យសម្តីរវាងលោក អ៊ុត ស៊ាងហន នាយកសាលាបឋមសិក្សារបោះអង្កាញ់ និងអ្នកគ្រូ ហែន ច័ន្ទរស្មី គ្រូបង្រៀនថ្នាក់ទី២ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ។
បន្ទាប់ពីមានការផ្សព្វផ្សាយសកម្មភាពជម្លោះនៅលើបណ្តាញសង្គម លោក សឺង ឈុន ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខណ្ឌច្បារអំពៅ បានចុះសម្របសម្រួលដោយផ្ទាល់ ដោយមានការចូលរួមពីគណៈនាយកសាលា លោកគ្រូអ្នកគ្រូ សមាជិកក្រុមប្រឹក្សាសង្កាត់ និងនាយរងប៉ុស្តិ៍រដ្ឋបាលព្រែកឯង។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖
១. ភាគីទាំងពីរព្រមព្រៀងបញ្ចប់រាល់ទំនាស់ពាក្យសម្តី ដែលនាំឱ្យមានការយល់ច្រឡំកន្លងមក។
២. ភាគីដែលបានបង្ហោះវីដេអូ ព្រមព្រៀងលុបវីដេអូសកម្មភាពទាំងនោះចេញពីបណ្តាញសង្គមវិញ។
៣. ភាគីពាក់ព័ន្ធព្រមព្រៀងដកពាក្យបណ្តឹងទាំងអស់ដែលបានដាក់ជូនអាជ្ញាធរ។
៤. ភាគីទាំងពីរធ្វើការប្តេជ្ញាចិត្តឈប់រំលឹកដល់រឿងរ៉ាវចាស់ ដែលអាចបង្កឱ្យមានជម្លោះជាថ្មីទៀត។
ភាគីទាំងពីរបានទទួលយកការណែនាំ និងការសម្របសម្រួលពីលោក សឺង ឈុន ប្រធានការិយាល័យអប់រំខណ្ឌច្បារអំពៅ ដោយបានធ្វើការសុំទោសគ្នាទៅវិញទៅមក ក្នុងបរិយាកាសរីករាយ និងមានភាពស្និទ្ធស្នាលឡើងវិញ។




