កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយកន្លែង នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេសសរុប ១១នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងតាមសមត្ថកិច្ច កម្លាំងជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានសកម្មភាពពាក់ព័ន្ធគ្រឿងញៀននៅផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បន្ទាប់ពីចុះឆែកឆេរ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ៣នាក់ និងរកឃើញគ្រឿងញៀន ព្រមទាំងឧបករណ៍ផលិត និងវេចខ្ចប់គ្រឿងញៀនជាច្រើន។
ក្នុងប្រតិបត្តិការបន្តនៅយប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន ៥នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ។ ក្រោយការធ្វើតេស្តទឹកនោម ជនសង្ស័យ ៧នាក់ មានលទ្ធផលវិជ្ជមានសារធាតុញៀន ខណៈជនសង្ស័យម្នាក់មានលទ្ធផលអវិជ្ជមាន។
លុះដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ៣០នាទី សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួករបស់មេខ្លោងចំនួន ៣នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ ជាជនជាតិថៃ។ ក្រោយធ្វើតេស្តទឹកនោម ជនសង្ស័យទាំងបីនាក់សុទ្ធតែមានលទ្ធផលវិជ្ជមានសារធាតុញៀន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម្សៅក្រាមសថ្លា ម្សៅម៉ត់ស ថ្នាំគ្រាប់ពណ៌ក្រហម (WY) សម្បកថង់សម្រាប់វេចខ្ចប់គ្រឿងញៀន ជញ្ជីងថ្លឹងគ្រឿងញៀន ៣គ្រឿង ឧបករណ៍ផលិត និងប្រើប្រាស់គ្រឿងញៀនជាច្រើន កាំភ្លើងកែច្នៃ ១ដើម និងមួករបាំងមុខចំនួន៤។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
Vichhai-News








