រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញ និងមន្ត្រីពាក់ព័ន្ធចុះបន្តសកម្មភាពផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងជនបរទេស ក៏ដូចជាចុះត្រួតពិនិត្យដោយផ្ទាល់នូវការស្នាក់នៅរបស់ជនបរទេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ។
ក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ លោកអភិបាលខណ្ឌ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពច្បាប់ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានណែនាំដល់ម្ចាស់ទីតាំង ក៏ដូចជាជនបរទេសទាំងអស់ ត្រូវតែធ្វើការរាយការណ៍តាមប្រព័ន្ធគ្រប់គ្រងអន្តោប្រវេសន៍ (FPCS) ឱ្យបានត្រឹមត្រូវតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
លោក សេង គន្ធ បានបន្ថែមថា ការចុះពិនិត្យនេះមិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាជនបរទេសដែលស្នាក់នៅស្របច្បាប់ផងដែរ។
រដ្ឋបាលខណ្ឌមានជ័យ សូមអំពាវនាវដល់ម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការផ្តល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរួមគ្នាថែរក្សាសន្តិសុខ និងរបៀបរៀបរយនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕
ដោយ÷លោក ឆុង ឈន











