តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកគិរីវង់។
ក្នុងប្រតិបត្តិការមនុស្សធម៌នេះ ឯកឧត្តមអភិបាលខេត្ត បានចុះទៅដល់មូលដ្ឋានផ្ទាល់ ដោយបានផ្តល់អំណោយដល់គ្រួសាររងគ្រោះនៅឃុំអង្គប្រាសាទ ចំនួន ២៤គ្រួសារ (ក្នុងនោះមានគ្រួសាររលំផ្ទះទាំងស្រុង ១គ្រួសារ) និងនៅឃុំរាមអណ្តើក ចំនួន ១៥គ្រួសារ។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ និងងាយរងគ្រោះគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
អំណោយមនុស្សធម៌ដែលបានប្រគល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ប្រេងឆា ១លីត្រ, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, នំកញ្ចប់ ១កញ្ចប់ធំ និងសម្ភារប្រើប្រាស់រួមមាន កន្ទេល មុង ភួយ សារុង ក្រម៉ា ព្រមទាំងថវិកា ២ម៉ឺនរៀល។ ដោយឡែក សម្រាប់គ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុង ១គ្រួសារ បានទទួលបន្ថែមនូវតង់ ១ និងថវិកា ២០០,០០០រៀល ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅជាបណ្តោះអាសន្ន៕
ដោយ÷លោក ឆុង ឈន











