រាជធានីភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញយ៉ាងម៉ឹងម៉ាត់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពីការបង្កើនការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌជ្រោយចង្វារ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេសតាមគោលដៅអគារខុនដូ និងអាផាតមិននានា ដើម្បីបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានចុះត្រួតពិនិត្យទីតាំងខុនដូ Morgan (អគារទី៧) ក្នុងភូមិសាស្ត្រសង្កាត់ជ្រោយចង្វារ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា សកម្មភាពចុះត្រួតពិនិត្យនេះ គឺអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលតម្រូវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងវត្តមានជនបរទេស ដើម្បីធានាបាននូវសុវត្ថិភាពសង្គម និងទប់ស្កាត់រាល់សកម្មភាពបទល្មើសឆ្លងដែនគ្រប់ទម្រង់ ជាពិសេសការប្រើប្រាស់ទីតាំងស្នាក់នៅដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា។
ក្រោយពីការចុះត្រួតពិនិត្យយ៉ាងល្អិតល្អន់ទៅលើឯកសារស្នាក់នៅ និងទីតាំងជាក់ស្តែងនៅខុនដូ Morgan (អគារទី៧) កម្លាំងជំនាញពុំបានរកឃើញសកម្មភាពគួរឱ្យសង្ស័យ សម្ភារបច្ចេកវិទ្យាខុសច្បាប់ ឬការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញណាមួយនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខណ្ឌជ្រោយចង្វារ នៅតែបន្តពង្រឹងការងារនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដោយតម្រូវឱ្យម្ចាស់អាជីវកម្ម និងម្ចាស់ទីតាំងស្នាក់នៅទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដោយការចុះបញ្ជីជនបរទេសតាមប្រព័ន្ធគ្រប់គ្រងស្នាក់នៅរបស់អន្តោប្រវេសន៍ (FPCS) ឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការទទួលខុសត្រូវចំពោះមុខច្បាប់៕
ដោយ÷ ឆុង ឈន













