ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់កូនៗ របស់មន្ត្រីរាជការនៃក្រសួងព័ត៌មាន ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា នៅបរិវេណទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាលជាមួយក្មួយៗ ដោយសេចក្តីសប្បាយរីករាយ ក្នុងគោលបំណង ណែនាំប្រៀនប្រដៅក្មួយៗ ឱ្យខិតខំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ទៅថ្ងៃអនាគត ។
ជាមួយនឹងការផ្តល់សម្ភារៈសម្រាប់ការសិក្សា និងចំណីអាហារបំប៉ន ដែលជាអាហារូបត្ថម្ភ ចែកជូនដល់ក្មួយៗ ដែលជាកូនៗមន្ត្រីរាជការនៃក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរដល់ក្មួយៗទាំងអស់ មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ សិក្សារៀនសូត្រឱ្យពូកែ និងទទួលបានសុភមង្គលក្នុងក្រុមគ្រួសារ ។
បន្ថែមលើអ្វីដែលបានណែនាំដល់ក្មួយៗ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានពន្យល់ទៅកាន់ក្មួយៗទាំងអស់ ឱ្យចេះស្តាប់បង្កាប់មាតាបិតា និងត្រូវចេះតបស្នងគុណដល់ឪពុកម្តាយ ឬអាណាព្យាបាល ជាពិសេសត្រូវចេះតបស្នងសងគុណ ដល់ប្រទេសជាតិ តាមរយៈការខិតខំរៀនសូត្រ ស្វែងរកការងារល្អប្រសើរ និងក្លាយជាធនធានសម្រាប់សង្គមជាតិ នៅពេលចម្រើនវ័យផងដែរ ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការខិតខំរៀនសូត្រ ដើម្បីអាចចូលរួមកសាងប្រទេសជាតិឱ្យខ្លាំង ពង្រឹងជាតិឱ្យរឹងមាំ តាមរយៈចំណេះដឹងរបស់ប្រជាជន ទើបប្រទេសជាតិ មិនត្រូវបានគេមើលងាយ ។
ឯកឧត្តម នេត្រ ភក្ត្រា ក៏បានមានប្រសាសន៍ ឱ្យក្មួយៗត្រូវបន្តវេន ពីអ៊ុំៗពូមីងៗ ដោយទៅមុខត្រូវខំប្រឹងរៀន ខំប្រឹងធ្វើការ ខំប្រឹងកសាងប្រទេស ឱ្យដូចជំនាន់អ៊ុំៗពូៗមីង៕
ដោយ÷លោក ឆុង ឈន








