សមត្ថកិច្ចក្រុងប៉ោយប៉ែត បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១៩នាក់
————————-
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមចំណុចមួយចំនួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៩នាក់ ក្នុងនោះមានទាំងជនជាតិខ្មែរ និងជនជាតិថៃ។
ប្រតិបត្តិការនេះធ្វើឡើងក្រោយពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធនឹងសកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមតំបន់មួយចំនួនក្នុងក្រុងប៉ោយប៉ែត។
បន្ទាប់ពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបជាបន្តបន្ទាប់ នៅចំណុចមណ្ឌល០៥ មណ្ឌល០៦ កាស៊ីណូកញ្ចក់ខ្មៅ ផ្លូវប្រឡាយចិន និងបុរីធីធី ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល សង្កាត់អូរជ្រៅ និងសង្កាត់និមិត្ត។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ថ្នាំគ្រាប់ប្រភេទ WY និងថ្នាំញៀនជាច្រើនប្រភេទផ្សេងទៀត ព្រមទាំងឧបករណ៍សម្រាប់ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀន ដូចជា ដបកែច្នៃ បំពង់កែវ ជញ្ជីងថ្លឹង ថង់កិបមាត់ និងទូរស័ព្ទដៃមួយចំនួន។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំងអស់ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ដែលលទ្ធផលភាគច្រើនវិជ្ជមាន។
ជនសង្ស័យមួយចំនួនបានសារភាពថា សារធាតុញៀន និងវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន គឺជារបស់ខ្លួនពិតប្រាកដ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់។









