តាកែវ ៖ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំសង្ក្រាន្តតាកែវ ឆ្នាំ២០២៦"។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រៀម លក្ខណៈឱ្យបានរួចរាល់ និងបង្កលក្ខណៈសប្បាយ រីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ដែលរៀបចំនៅសាលប្រជុំធំអគារច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ។
ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីរ លោកអភិបាល រងខេត្ត លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការចំណុះរដ្ឋបាលសាលាខេត្ត មេបញ្ជាការ កងកម្លាំងទាំង ៣ប្រភេទ លោកអភិបាល-អភិបាលរងក្រុង/ស្រុកទាំង១០ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត សាខាគយ និងរដ្ឋាករខេត្ត ព្រមទាំងតំណាងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ខេត្តផង ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗដល់គណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាឱ្យបាននូវ សន្តិសុខ និងសណ្តាប់ធ្នាប់សាធា រណៈ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំសោភ័ណភាព មានការតុបតែងលម្អតាមដងផ្លូវ និងទីតាំងប្រារព្ធពិធីឱ្យមានភាពទាក់ទាញ ស្រស់ស្អាត និងមាន ការរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈ និងការកម្សាន្តនានា ដើម្បីលើកកម្ពស់វប្បធម៌ជាតិ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសង្កត់ ធ្ងន់លើការបម្រើសេវាសាធារណៈ និងការសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ដែលនឹងមកកម្សាន្តនៅក្នុង "តាកែវសង្ក្រាន្ត" ឆ្នាំនេះ ឱ្យមានភាពរលូន និងសប្បាយរីករាយបំផុត៕




















