រដ្ឋបាលខេត្តក្រចេះ រៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ
ខេត្តក្រចេះ៖ នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះអន្តរាយខេត្ត ដើម្បីពិនិត្យលើផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ក្នុងការត្រៀមអន្តរាគមន៍ជួយសង្គ្រោះ និងចុះពិនិត្យស្ថានភាពទឹកលិចលង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិម្រ៉ើម ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ដោយមានការចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកសាខាកាកបាទក្រហមខេត្ត អង្គការដៃគូពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុងស្រុក។
សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ គិតត្រឹមម៉ោង១១:០០នាទី ទឹកកម្ពស់ ២១,៥០ម (កម្ពស់ទឹកប្រុងប្រយ័ត្ន = ២២.០០ម)។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន បានណែនាំដល់ ១)- មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក អង្គការដៃគូ ត្រូវត្រៀមធនធានសម្ភារ និងកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមអនុវត្តផែនការឆ្លើយតបសង្គ្រោះបន្ទាន់បានទាន់ពេលវេលា។ ២)- រដ្ឋបាលក្រុងស្រុក ឃុំ/សង្កាត់ ត្រូវចុះពិនិត្យស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋាន ដើម្បីសម្របសម្រួលជួយជម្លៀសសត្វពាហនៈ និងគ្រួសាររងគ្រោះ ទៅទីទួលសុវត្ថិភាព។ ៣)-លេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត បន្តយកចិត្តទុកដាក់សម្របសម្រួលរបាយការណ៍ និងតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ជូនថ្នាក់ដឹកនាំខេត្ត និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យបានទាន់ពេលវេលា៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
By Vichhai-News










