ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អភិបាលខេត្តកំពង់ស្ពឺក្រើនរំឭកបេក្ខជនប្រឡងបាក់ឌុបទាំងអស់ បញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព ខណៈឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានរង្វាន់កុំព្យូទ័រលើកទឹកចិត្តសម្រាប់និទ្ទេស A


អភិបាលខេត្តកំពង់ស្ពឺក្រើនរំឭកបេក្ខជនប្រឡងបាក់ឌុបទាំងអស់ បញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព ខណៈឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានរង្វាន់កុំព្យូទ័រលើកទឹកចិត្តសម្រាប់និទ្ទេស A

កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យអស់ពីលទ្ធភាព ដើម្បីប្រឡងជាប់ និងដណ្តើមយកនិទ្ទេស A មកជូនគ្រួសារ និងសាលារៀន។

ថ្លែងក្នុងដំណើរការបើកប្រអប់វិញ្ញាសារនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងការប្រឡងនេះ គឺមានតែខ្លួនឯងផ្ទាល់ប៉ុណ្ណោះដែលជាទីពឹង ព្រោះគ្មាននរណាម្នាក់អាចជួយបានឡើយ ហេតុនេះ «បើចេះ គឺជាប់»។

ឯកឧត្តមបានក្រើនរំឭកដល់បេក្ខជនទាំងអស់ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ញត្តិ និងបទបញ្ជារបស់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើលវិញ្ញាសារឱ្យបានច្បាស់លាស់មុននឹងធ្វើការឆ្លើយតប។

ជាពិសេស ដើម្បីជាការជំរុញទឹកចិត្តដល់ការព្យាយាមរបស់សិស្សានុសិស្ស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តបានត្រៀមរង្វាន់លើកទឹកចិត្តជាគ្រឿងកុំព្យូទ័រ (Laptop) ជូនដល់បេក្ខជនណាដែលប្រឡងជាប់ និងដណ្តើមបាននិទ្ទេស A ដូចគ្នានឹងឆ្នាំកន្លងទៅដែរ។

រដ្ឋបាលខេត្តរំពឹងទុកថា សម្រាប់ការប្រឡងឆ្នាំនេះ ចំនួនសិស្សប្រឡងជាប់ និងទទួលបាននិទ្ទេស A នឹងមានការកើនឡើងច្រើនជាងឆ្នាំមុនៗ។

យោងតាមរបាយការណ៍ពី លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សម្រាប់ថ្ងៃទីមួយនៃសម័យប្រឡងបាក់ឌុបនេះ មន្ទីរបានរៀបចំមណ្ឌលប្រឡងសរុបចំនួន ១៣មណ្ឌល ត្រូវជា ២៤៥បន្ទប់ ដោយក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ២មណ្ឌល ស្មើនឹង ៤០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ១១មណ្ឌល ស្មើនឹង ២០៥បន្ទប់។

ចំពោះបេក្ខជនចុះឈ្មោះប្រឡងសរុបមានចំនួន ៦.០៨៨នាក់ (ស្រី ៣.៤៦៨នាក់) ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៥.១២២នាក់ (ស្រី ២.៨៥២នាក់) ខណៈបេក្ខជនដែលបានដាក់ពាក្យប្រឡងភាសាបរទេសរួមមាន បេក្ខជនភាសាអង់គ្លេសចំនួន ៦.០២៥នាក់ (ស្រី ៣.៤៣៤នាក់) និងបេក្ខជនភាសាបារាំងចំនួន ៦៣នាក់ (ស្រី ៣៤នាក់)៕

















Post a Comment

Previous Post Next Post