(តាកែវ)៖ ក្រោមការយកចិត្តទុកដាក់ជាទីបំផុត លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ AFESIP Cambodia នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានទទួលយកក្មេងស្រីរងគ្រោះដោយសារតាចុងរំលោភបំពានផ្លូវភេទ ដែលមានទីតាំងនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដើម្បីនាំយកទៅរស់នៅ និងទទួលការថែទាំនៅក្នុងអង្គការ។
ក្មេងស្រីរូបនេះត្រូវបានគេផ្សព្វផ្សាយថា មានបុរសវ័យចំណាស់ម្នាក់ឈ្មោះ គម ពាំង អាយុ៧៨ឆ្នាំ ប្រព្រឹត្តអំពើអាណាចារដោយចាប់រំលោភបំពានផ្លូវភេទ។ យ៉ាងណាក៏ដោយ ចំពោះជនសង្ស័យមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។
លោកស្រី ម៉ម សុម៉ាលី បានថ្លែងថា ការទទួលយកកុមារីទៅស្នាក់នៅក្នុងអង្គការ គឺជាវិធានការមួយដើម្បីផ្តល់ការការពារ សុវត្ថិភាព ការថែទាំផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជួយឱ្យកុមារីអាចបន្តការរស់នៅក្នុងបរិយាកាស ដែលមានការគាំទ្រ និងផ្ដល់ពន្លឺជីវិតថ្មីជូនដល់កុមារីរងគ្រោះផងដែរ។
ជាមួយគ្នានេះ មហាជន និងអ្នកពាក់ព័ន្ធបានអំពាវនាវឱ្យសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកការពិត និងធានាឱ្យជនរងគ្រោះទទួលបានយុត្តិធម៌៕
ដោយ ឆុង ឈន







