ខេត្តកណ្តាល៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមជាមួយការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កម្លាំងជំនាញបានចុះបង្ក្រាបករណីដឹកជញ្ជូនថ្នាំពេទ្យខុសច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០០:១៥នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរង សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកណ្តាល ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យ បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 នៅលើផ្លូវជាតិលេខ6A ចន្លោះគីឡូម៉ែត្រលេខ២៣ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
អ្នកបើកបររថយន្តមានឈ្មោះ ភាព ស្រី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ក្រោយការត្រួតពិនិត្យដោយការិយាល័យជំនាញនិយ័តកម្មសុខាភិបាល បានរកឃើញថ្នាំពេទ្យសរុបចំនួន ៤៥កេសធំ ដែលមាន ១២០ប្រភេទ ស្មើនឹង ២៣,៤០០ប្រអប់ ពុំមានច្បាប់អនុញ្ញាត និងមិនមានការចុះបញ្ជីត្រឹមត្រូវឡើយ។
បច្ចុប្បន្ន ថ្នាំពេទ្យទាំងនោះត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។













