សិង្ហបុរី៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងគណ:ប្រតិភូ បានអញ្ជើញចូលរួមពិធីបើក "ព្រឹត្តិការណ៍ពិព័រណ៌ផលិតផលបច្ចេកវិទ្យាបម្រើឱ្យការងារសន្តិសុខសាធារណ:ឆ្នាំ២០២៦" (Milipol TechX Summit 2026) ក្រោមប្រធានបទ "ផ្តល់សន្ទុះដល់នវានុវត្តន៍នៅថ្ងៃនេះ យើងនឹងកាន់តែមានសុវត្ថិភាពនៅថ្ងៃស្អែក"(Supercharging Innovation Today For Our Safer Tomorrow) ដែលរៀបចំដោយក្រសួងមហាផ្ទៃសិង្ហបុរី សហការជាមួយស្ថាប័នបច្ចេកវិទ្យានិងវិទ្យាសាស្រ្តសឹង្ហបុរី (HTX) និងស្ថាប័នអន្តរជាតិ Milipol រយ:ពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។
ព្រឹត្តិការណ៍នេះ ត្រូវបានចាប់ផ្តើមដំណើរការប្រព្រឹត្តទៅក្រោមវត្តមានកិត្តិយស ថ្លែងសុន្ទរកថាក្នុងពិធីបើកដោយ ឯកឧត្តម K Shanmugam ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសឹង្ហបុរី ដោយមានវត្តមានចូលរួមតំណាងមកពីស្ថាប័នពាក់ព័ន្ធប្រហាក់ប្រហែល ១៥,០០០ នាក់ មកពី ៨៩ ប្រទេសក្នុងនោះមាន÷ ប្រតិភូ ៣,០០០ នាក់ រួមមានមន្ត្រីរដ្ឋាភិបាលមកពី ៨៩ ប្រទេស, តំណាងក្រុមហ៊ុនដាក់តាំងបង្ហាញផលិតផលបច្ចេកវិទ្យាជាង ២៦០ ក្រុមហ៊ុន, ស្តង់តាំងបង្ហាញផលិតផលបច្ចេកវិទ្យាតំណាងប្រទេសចំនួន ៥ រួមមាន÷ សិង្ហបុរី, បារាំង, ចិន, អ៊ីតាលី និងសហរដ្ឋអាមេរិក ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ការកសាងទំនាក់ទំនងទៅវិញទៅមកក្នុងចំណោមអ្នកចូលរួម និងដើម្បីតាំងបង្ហាញវឌ្ឍនភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងវិស័យសន្តិសុខសាធារណ:។
Vichhai-News









