(ភ្នំពេញ)នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ
ពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងនៃប្រព័ន្ធបង្ហូរទឹកក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីពន្លឿនការងារ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការត្រៀមខ្លួនទប់ស្កាត់បញ្ហាទឹកជំនន់ក្នុងរដូវវស្សាខាងមុខ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនេះ លោកអភិបាលបានផ្តោតសំខាន់លើវឌ្ឍនភាពនៃការស្តារប្រឡាយមេ និងប្រព័ន្ធលូបង្ហូរទឹក ដោយបានពិនិត្យយ៉ាងម៉ត់ចត់លើការប្រើប្រាស់គ្រឿងចក្រដែលកំពុងដំណើរការដកយកភក់ កាកសំណល់ និងសំរាមចេញពីប្រឡាយ។ លោកបានបញ្ជាក់ថា ការស្តារប្រឡាយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេស ដើម្បីធានាថាចរន្តទឹកអាចហូរបានរលូន និងជៀសវាងការកកស្ទះឡើងវិញក្នុងរយៈពេលខ្លី។ ព្រមទាំងបានណែនាំឱ្យក្រុមការងារបន្តត្រួតពិនិត្យគុណភាពការងារ ឱ្យបានម៉ត់ចត់ ដើម្បីបង្ការការបាក់ស្រុតច្រាំងប្រឡាយ។
ជាមួយគ្នានេះ ក្រុមការងារក៏បានចុះពិនិត្យនៅតំបន់ដែលជាប្រភពបញ្ហាកកស្ទះជាញឹកញាប់ ដោយបានកំណត់មុខសញ្ញាច្បាស់លាស់នៃបញ្ហា ដែលភាគច្រើនបណ្តាលមកពីការរំលោភលើចំណីប្រឡាយ និងការចោលសំរាមមិនបានគោរពតាមវិធានសុវត្ថិភាពបរិស្ថាន។ ក្នុងន័យនេះ លោកអភិបាលបានជំរុញឱ្យមានការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅជាប់តំបន់ប្រឡាយ ដើម្បីជួយបើកមុខទឹក និងថែរក្សាអនាម័យបរិស្ថានរួមគ្នា។
លើសពីនេះ មន្ត្រីជំនាញត្រូវបានណែនាំឱ្យសិក្សាបន្ថែមអំពីដំណោះស្រាយបច្ចេកទេស រួមមានការបង្កើតផ្លូវទឹកថ្មី ឬពង្រីកប្រព័ន្ធលូដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពបង្ហូរទឹក និងធានាថាទឹកអាចរលាយចេញពីតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋបានលឿនបំផុត នៅពេលមានភ្លៀងធ្លាក់ខ្លាំង។
លោក សក់ ច័ន្ទកញ្ញារិទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាបរិស្ថាន ដោយកុំចោលសំរាមចូលក្នុងប្រឡាយ ឬលូបង្ហូរទឹក និងគោរពតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមចំណែកកាត់បន្ថយហានិភ័យនៃការកកស្ទះ៕









