ឃាត់ខ្លួនបានហើយ ដល់ខេត្តរតនគិរី! ករណីឃាតកម្ម ដែលជនសង្ស័យជាអ្នកជួលផ្ទះ បានចាក់សម្លាប់ម្ចាស់ផ្ទះជួល នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានទៅដល់បង្ក្រាបបានជនដៃដល់ជាអ្នកជួលផ្ទះ ដែលបានចាក់សម្លាប់ម្ចាស់ផ្ទះជួល នៅខណ្ឌមានជ័យ រហូតដល់ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាវេលាម៉ោង២៣៖២០នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មកើតឡើងនៅចំណុចផ្ទះលេខ២៨៧ ផ្លូវបេតុង (ប្លុកបឹងកំប្លោក) ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ ហុក វិរៈ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពប្រើកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមន្ត្រីនគរបាលចូលនិវត្តន៍ បណ្តាលឲ្យបាត់បង់ជិវិតភ្លាមៗ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះដល់ទីតាំងកើតហេតុ និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យជុំវិញទីតាំងកើតហេតុ។
លុះនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣៖២០នាទី កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងខេត្តកណ្តាល រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគីរី។
ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះ ងិន ធីរ៉ា បណ្តាលអោយស្លាប់ ប្រាកដមែន មូលហេតុដោយសារតែខឹងជនរងគ្រោះហាមឃាត់កុំអោយខ្លួនស្រែកឡូឡាពេក។ បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្តនីតិវិធី៕














