ទីស្នាក់ការអង្គភាពស្ថិតនៅក្នុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អង្គភាព សារព័ត៌មាន vichhai-news យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

អគ្គស្នងការនគរបាលជាតិ បានចាត់ក្រុមការងារឲ្យចុះទៅពិនិត្យទីតាំងសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកធ្លក


(ខេត្តតាកែវ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានចាត់ក្រុមការងារឲ្យចុះទៅពិនិត្យទីតាំងដីមួយកន្លែងសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ក្នុងពេលឆាប់ៗខាងមុខនេះឲ្យមានកន្លែងធ្វើការសមរម្យនិងគេ ។ បន្ទាប់ពីទទួលបានដំណឹងថា នគរបាលប៉ុស្តិ៍រដ្ឋបាលគោកធ្លកនោះពុំទាន់មានទីស្នាក់ការប៉ុស្តិ៍ដើម្បីធ្វើការនៅឡើយ ក្រោយពីប៉ុស្តិ៍ចាស់បានខូចខាតបាត់បង់រូបរាងទាំងស្រុង ហើយសព្វថ្ងៃបានលោកនាយរងប៉ុស្តិ៍ម្នាក់ បានយកផ្ទះរបស់ខ្លួនធ្វើជាទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការជាង២០ឆ្នាំកន្លងមកហើយ ។

មន្រ្តីនគរបាលប៉ុស្តិ៍ខាងលើបានប្រាប់ឲ្យបណ្ដាញអង្គភាពសារព័ត៌មានFresh Newsដឹងថាកាលពីដើមឡើយនគរបាលប៉ុស្តិ៍គោកធ្លកនេះ ក៏មានទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសម្រាប់ធ្វើការងារត្រឹមត្រូវនឹងគេដែរ ។ ប៉ុន្តែប៉ុស្តិ៍នោះសាងសង់ពីឈើ ហើយដោយសារតែនៅតំបន់នោះត្រូវទឹកជន់ឡើងលិចនារដូវវស្សា លិចទាំងប៉ុស្តិ៍ឈើជារៀងរាល់ឆ្នាំរហូតមកមិនដែលខាននោះ បានធ្វើឲ្យប៉ុស្តិ៍ចាស់ទ្រុឌទ្រោមពុកផុយបន្តិចម្ដងៗ ។ រហូតដល់អំឡុងឆ្នាំ២០០០ ខណៈទឹកជន់លិចខ្លាំង ទឹកក៏បោកបក់បំបាក់រំលំប៉ុស្តិ៍នោះ បណ្ដាលឲ្យបាក់បែកខូចខាតខ្ទេចខ្ទីមិនអាចស្រោចស្រង់ដើម្បីប្រើប្រាស់វិញបាននោះឡើយ ។

នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា ចាប់តាំងពីពេលនោះមក នគរបាលប៉ុស្តិ៍ទាំងអស់គ្មានប៉ុស្តិ៍ដើម្បីធ្វើការងារនោះទេ ហើយដោយសារតែជួបការលំបាក ទើបលោកសេង ម៉េង ដែលជានាយរងប៉ុស្តិ៍នោះដែរបានផ្ដល់ផ្ទះផ្ទាល់ខ្លួន ។ ដើម្បីធ្វើជាកន្លែងធ្វើការងារបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនជាបណ្ដោះអាសន្ន ហើយបើគិតរហូតមកដល់សព្វថ្ងៃនេះលោកសេង ម៉េង បានផ្ដល់ផ្ទះសម្រាប់ធ្វើការរយៈពេលជាង២០ឆ្នាំកន្លងមកហើយ ។ ដោយឡែកទីតាំងដីសម្រាប់សាងសង់ប៉ុស្តិ៍មានស្រាប់គឺទំហំទទឹង១៥ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ ដែលស្ថិតនៅជាប់និងសាលាឃុំគោកធ្លកនោះតែម្ដង ។

នគរបាលខាងលើបានបញ្ជាក់ប្រាប់បន្ថែមទៀតថា ដោយគ្មានលទ្ធភាពដើម្បីសាង់ប៉ុស្តិ៍បាន ទើបចេះតែទុកដីនៅទំនេររហូតមកបែបនេះ ហើយបន្ទាប់ពីទទួលបាននូវដំណឹងអំពីទុក្ខលំបាករបស់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកធ្លកនោះហើយ ។ ទើបពេលនេះអគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យក្រុមការងារចុះទៅកាន់ទីនោះ ដើម្បីត្រួតពិនិត្យជាក់ស្ដែងលើទីតាំងដីសម្រាប់សាងសង់ប៉ុស្តិ៍រដ្ឋបាលជូនដល់កងកម្លាំងនគរបាលប៉ុស្តិ៍មួយនេះ ។ នៅក្នុងពេលនោះដែរក្រុមការងាររបស់អគ្គស្នងការនគរបាលជាតិមិនបានប្រាប់ថាចាប់ផ្ដើមការសាងសង់នៅថ្ងៃណានៅឡើយទេ គ្រាន់តែប្រាប់ថានៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ 


ប្រជាពលរដ្ឋបាននិយាយថា នៅក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវនេះ មានចំនួន៤ភូមិ ប៉ុន្តែមានភ្លើងអគ្គិសនីប្រើប្រាស់តែ២ភូមិប៉ុណ្ណោះ ហើយពេលយប់ឡើងភ្លើងខ្សោយណាស់ប្រើតែកង្ហារ១មិនចង់វិលផង ។ ចំណែកឯ២ភូមិទៀតនៅមិនទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នៅឡើយទេ ពួកគាត់សង្ឃឹមថានៅថ្ងៃណាមួយនិងមានភ្លើងប្រើដូចស្រុកភូមិដទៃៗទៀតមិនខានឡើយ ប៉ុន្តែទន្ទឹមនិងក្ដីសង្ឃឹមនេះដែរ ពួកគាត់ក៏សូមសំណូមពរដល់អាជ្ញាធរពាក់ពា័ន្ធមេត្តាជួយឲ្យអ្នកភូមិខាងលើមានភ្លើងប្រើប្រាស់និងគេផង ៕

ប្រភព÷Fresh News

















Post a Comment

Previous Post Next Post