ភ្នំពេញ៖ធុងសំរាមចំនួន១០០ធុងត្រូវបានក្រុមហ៊ុន វឌ្ឍនៈនាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដើម្បីរួមគ្នាធ្វើឱ្យរាជធានីភ្នំពេញ មានសោភណភាព អនាម័យ និងបរិស្ថានល្អ។
ពិធីប្រគល់ ទទួលអំណោយខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២មករាឆ្នាំ២០២៦នេះ ក្រោមវត្តមាន លោក ឆាយ វីរៈ និងលោក ស្រី តិមា វិច្ឆិកាល អភិបាលរងតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុន វឌ្ឍនៈនៅសាលារាជធានីភ្នំពេញ។
លោក ឆាយ វីរៈ និង លោក ស្រី តិមា វិច្ឆិកាល ក្នុងនាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន វឌ្ឍនៈដែលបាននាំយកធុងសំរាមមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ដាក់តាមគោលដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃដដែល ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញពិនិត្យធុងសំរាមខាងលើនិងទីតាំងទទួលអំណោយ។
បើតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង ធុងសំរាមទាំង១០០ធុងជាអំណោយរបស់ក្រុមហ៊ុន វឌ្ឍនៈនេះ នឹងយកទៅដាក់នៅតាមមាត់ទន្លេ សំដៅធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាមាន សោភណភាព អនាម័យ និងបរិស្ថានល្អ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៩មករាឆ្នាំ២០២៦កន្លងមកនេះ សប្បុរសជន ក៏បានប្រគល់ធុងសំរាមចំនួន៣០០ធុងជូនរដ្ឋបាលរាជធានីភ្នំពេញម្តងរួចហើយដែរ ក្នុងគោលបំណងរួមគ្នា ដើម្បីធ្វើឱ្យរាជធានីភ្នំពេញរបស់យើងមានអនាម័យ និងបរិស្ថានល្អ៕
វិទ្យុជាតិកម្ពុជា៖ ដោយ ចន ណារិទ្ធ
By Vichhai-News






