នៅវិមាន៧មករា នារសៀលថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ ការអញ្ជើញរបស់ឯកឧត្តមសាស្ត្រាចារ្យមកកាន់កម្ពុជានៅពេលនេះ គឺតបតាមការអញ្ជើញរបស់សម្ដេចតេជោ ក្នុងពេលដែលសម្ដេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែធ្នូឆ្នាំ២០២៤កន្លងទៅ។
សម្ដេចតេជោបានបន្តទៀតថា វត្តមានរបស់ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao មកកាន់កម្ពុជានាពេលនេះ ជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន រួមទាំងកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន។
នៅក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ជួបសម្ដែងការគួរសមនៅក្នុងពេលនេះ។ ឯកឧត្តមបានរំលេចអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ដែលមានជាមួយគ្នានាពេលបច្ចុប្បន្ននេះ ដែលជាកិច្ចសហប្រតិបត្តិការមួយដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ឯកឧត្តមក៏បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងបក្សនិងបក្ស ដែលមានជាមួយគ្នា ហើយឯកឧត្តមសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមសាស្ត្រាចារ្យមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ នឹងជាការរួមចំណែកបន្ថែមទៀត ដើម្បីពង្រឹងចំណងមិត្តភាពរវាងគណបក្សទាំងពីរ ឲ្យកាន់តែរីកចម្រើន។ ឯកឧត្តមបានរំលឹកថា កន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងមន្ត្រីគណបក្សនៃប្រទេសទាំងពីរទៅវិញទៅមក រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ ដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិន និងរវាងគណបក្ស និងគណបក្ស កាន់តែជិតស្និទ្ធ។
សម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងគណបក្សនៃប្រទេសទាំងពីរ ដែលមានជាមួយគ្នា ហើយសម្ដេចតេជោសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀត ដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទស្សនៈកិច្ចមន្ត្រីទៅវិញទៅមក និងការបណ្តុះបណ្តាល ពង្រឹងធនធានមនុស្សរវាងគណបក្សនៃប្រទេសទាំងពីរ។ ចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិន បច្ចុប្បន្ន សម្ដេចតេជោ សង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមសាស្ត្រចារ្យ Xie Chuntao និងគណៈប្រតិភូទាំងអស់ ទទួលបានជោគជ័យ ក្នុងការបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ៕
BY Vichhai-News













