ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសហការី បានអញ្ជើញទៅកាន់មហាកុដិ វត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីថ្វាយ និងប្រគេននូវទេយ្យទាន ព្រមទាំងបច្ច័យបួន ចំពោះសម្តេចព្រះរាជានគណៈធំៗនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏ប្រពៃនេះ លោកជំទាវបណ្ឌិត និងក្រុមការងារ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈ និងទេយ្យវត្ថុចំពោះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ការអញ្ជើញធ្វើបុណ្យទានក្នុងឱកាសនេះ គឺជាការសម្តែងនូវការគោរពដឹងគុណ និងជ្រះថ្លាខ្ពស់បំផុតក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីឧទ្ទិសកុសលផលបុណ្យ និងសុំសេចក្តីសុខសិរីសួស្តី។
ជាកិច្ចឆ្លើយតប សម្ដេចព្រះសង្ឃរាជ និងសម្ដេចព្រះពុទ្ធជ័យមុនី បានប្រោសប្រទានពរជ័យ សិរីសួស្ដីមហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
BY Vichhai-News









