គណៈប្រតិភូសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាចំនួន ១០រូប ដឹកនាំដោយ ឯកឧត្តម អ៊ិន ឆាយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ បានបន្តបំពេញទស្សនកិច្ចដ៏សំខាន់មួយនៅទីក្រុង ហាឡុង ខេត្តក្វាងនិញ (Quang Ninh) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមវគ្គចែករំលែកបទពិសោធ ស្តីពីកិច្ចការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំចែករំលែកបទពិសោធនេះ ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅ ដោយមានការចូលរួមពីតំណាងខេត្ត Quang Ninh រួមមាន៖ លោក Nguyen Thanh Tung អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Nguyen Thi Thien នាយករងកាសែត វិទ្យុ និងទូរទស្សន៍ខេត្ត និងលោក Do Ngoc haសមាគមអ្នកសារព័ត៌មានខេត្ត Quang Ninh ។
លោក Nguyen Thanh Tung បានគូសបញ្ជាក់ពីយុទ្ធសាស្ត្រសំខាន់ៗក្នុងការងារផ្សព្វផ្សាយរបស់ខេត្ត Quang Ninh ដែលល្បីល្បាញដោយសារសម្បត្តិបេតិកភណ្ឌពិភពលោក ឈូងសមុទ្រហាឡុង។ លោកបានបង្ហាញថា ភាគីវៀតណាមបានធ្វើការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ ជាពិសេសរវាងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយ។
លោកបានសង្កត់ធ្ងន់ថា ការងារទំនាក់ទំនងគោលនយោបាយនៅខេត្ត Quang Ninh បន្តទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលា ការអនុវត្តគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ព្រមទាំងច្បាប់របស់រដ្ឋាភិបាល។
លោកស្រី Nguyen Thi Thien បានចែករំលែកអំពីការបង្កើត និងប្រតិបត្តិការនៃ មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្ត Quang Ninh ដែលបច្ចុប្បន្នជាកាសែត វិទ្យុ និងទូរទស្សន៍ខេត្ត។ ទីភ្នាក់ងារនេះបានចូលដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដោយផ្អែកលើការរួមបញ្ចូលគ្នានូវទីភ្នាក់ងារព័ត៌មានជាច្រើន។លោកស្រីថា មជ្ឈមណ្ឌលនេះដំណើរការតាមគំរូ ការិយាល័យវិចារណកថារួម ដែលផលិតមាតិកា ពហុប្រព័ន្ធផ្សព្វផ្សាយ (Multimedia) និងចាក់ផ្សាយលើ វេទិកាចំនួន៧ រួមមាន៖ ទូរទស្សន៍០២ប៉ុស្តិ៍ វិទ្យុ០២ប៉ុស្តិ៍ កាសែតបោះពុម្ព (ប្រចាំថ្ងៃ ចុងសប្តាហ៍ ហាឡុង) ទស្សនាវដ្តីពីរភាសាចិន កាសែតអេឡិចត្រូនិក និងបណ្តាញព័ត៌មានអេឡិចត្រូនិកខេត្ត។
ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការងារពហុព័ត៌មានរបស់អ្នកសារព័ត៌មាន លោកស្រីបានបន្ថែមថា កម្មវិធីកែសម្រួលព័ត៌មានត្រូវបានភ្ជាប់គ្នា និងរួមបញ្ចូលគ្នាទៅវិញទៅមក ដូចជា កាសែតបោះពុម្ព និងកាសែតអេឡិចត្រូនិកប្រើកម្មវិធីដូចគ្នា។ជាពិសេស ប្រព័ន្ធផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍ (PTTH) ត្រូវបានធ្វើសមកាលកម្មជាមួយកាសែតអេឡិចត្រូនិក និងកម្មវិធី QN Media។ តាមរយៈនេះ នាយកដ្ឋានផលិតមាតិកាឌីជីថល អាចទាញយកទិន្នន័យចែករំលែក កែសម្រួល និងផលិតមាតិកាដែលសមស្របសម្រាប់វេទិកា OTT និង បណ្តាញសង្គម បានយ៉ាងឆាប់រហ័ស។ ជាងនេះទៀត ប្រព័ន្ធនេះក៏ជួយដល់ការកែតម្រូវកាលវិភាគនៃការផ្សាយដោយស្វ័យប្រវត្តិក្នុងពេលវេលាជាក់ស្តែង ដែលមានសារៈសំខាន់ខ្លាំងនៅពេលមានកម្មវិធីផ្សាយផ្ទាល់ផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការរំលែកបទពិសោធឱ្យគ្នាទៅវិញទៅមក ភាគីវៀតណា បានដឹកនាំគណៈប្រតិភូសារព័ត៌មានកម្ពុជាទៅទស្សនកិច្ចមជ្ឈមណ្ឌលបម្រើសេវាសាធារណៈរបស់ខេត្ត Quang Ninh ច្រកចេញចូលតែមួយរបស់ខេត្ត ។ មជ្ឈមណ្ឌលបម្រើសេវាសាធារណៈខេត្ត Quang Ninh (Quang Ninh Provincial Public Administration Service Center - PAC) គឺជាសេវាដ៏លេចធ្លោមួយ នៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់ខេត្ត Quang Ninh។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវារដ្ឋបាលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័សដល់ប្រជាពលរដ្ឋ និងអាជីវកម្មតាមរយៈប្រព័ន្ធ ច្រកចេញចូលតែមួយ (One-Stop-Shop)។
បន្ទាប់មកទៅទស្សនកិច្ច ទីស្នាក់ការកណ្តាលថ្មីនៃ កាសែត វិទ្យុ និងទូរទស្សន៍ខេត្ត Quang Ninh ដែលជាមជ្ឈមណ្ឌលទំនាក់ទំនងទំនើប មានឥទ្ធិពលទូលំទូលាយ សមស្របនឹងតួនាទីរបស់ខេត្ត ជាមជ្ឈមណ្ឌលសេវាកម្ម និងឧស្សាហកម្មដែលមានគុណភាពខ្ពស់ ដែលតំណាងឱ្យភាពទំនើប និងការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ។
តាមរយៈការចែករំលែកបទពិសោធស៊ីជម្រៅនេះ គណៈប្រតិភូសារព័ត៌មានកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើគំនិតផ្តួចផ្តើម និងការអនុវត្តប្រកបដោយជោគជ័យរបស់ខេត្ត Quang Ninh ក្នុងការប្រើប្រាស់កម្លាំងសារព័ត៌មានជាកត្តាជំរុញការអភិវឌ្ឍ។ ទស្សនកិច្ចនាពេលនេះ មិនត្រឹមតែជាការផ្លាស់ប្តូរចំណេះដឹងជំនាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អមួយក្នុងការ ពង្រឹងចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ គឺកម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នសារព័ត៌មាន ដើម្បីជំរុញការយល់ដឹងគ្នាទៅវិញទៅមក និងការរីកចម្រើនរួម៕
ខេត្តក្វាងនិញ៖ វិទ្យុជាតិកម្ពុជា ធីណា ឌីណេ រូបភាពដោយ AKP
By Vichhai-News












