ខេត្តកែប៖ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបន្តអញ្ជើញចុះតាមខ្នងផ្ទះដោយផ្ទាល់ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងទឹកចិត្តដល់ក្រុមគ្រួសារ ក៏ដូចជាសាច់ញាតិបងប្អូនវីរកងទ័ពដែលមានទីលំនៅអចិន្រ្តៃយ៍នៅក្នុងភូមិសាស្រ្តស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃពុធ ទី៨ ខែតុលា ឆ្នាំ២០២៥។
ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដមបណ្ឌិតអភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចលោកតែងតែណែនាំដល់គ្រប់អាជ្ញាធរមូលដ្ឋានត្រូវគិតគូរអំពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ៗមូលដ្ឋានជាប្រចាំដូចភ្លៀងរលឹម។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានពន្យល់បន្ថែមដល់បងប្អូនប្រជាពលរដ្ឋ សូមឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលបាននឹងកំពុងខិតខំដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍ។ ជាពិសេសលើកិច្ចការការពារព្រំដែនកម្ពុជា-ថៃ ត្រូវមានជំនឿលើរាជរដ្ឋាភិបាលដែលកំពុងធ្វើការដោះស្រាយដោយសន្តិវិធី ដោយត្រូវមានការអត់ធ្មត់ខ្ពស់ ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះអាវុធ ឬញុះញង់ឱ្យមានអំពើហឹង្សាណាមួយកើតឡើង ដែលអាចបង្កផលវិបាកដល់ប្រទេសជាតិ និងប្រជាជន។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពគ្រប់ៗរូប ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនប្រកបដោយភាពអង់អាចក្លាហាន។
អំណោយដែលឯកឧត្តមអភិបាលខេត្ត បានយកផ្តល់ជូនក្រុមគ្រួសារ សាច់ញ្ញាតិកងទ័ពក្នុងឱកាសនេះរួមមាន៖ អង្ករ មី ត្រីខ ប្រេងឆា ប៊ិចេង ឃីត ០១កញ្ចប់ និងថវិកាមួយចំនួន៕
ប្រភព៖ រដ្ឋបាលខេត្តកែប
By Vichhai-News








