ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ
តាកែវ៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស លោកស្រី ឡុង បូណារ៉េត ជា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ថ្មីជំនួស លោកស្រី គា សុភូ ត្រូវផ្ទេរភារកិច្ចជា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។
ពិធីប្រកាសនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូ ក្រសួងមហាផ្ទៃ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលស្រុក ក្រុង លោកមេឃុំចៅសង្កាត់ទាំង១០០ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តជាច្រើន។
នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានមានប្រសាសន៍ណែនាំដល់ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ត្រូវបន្តខិតខំអនុវត្តនូវសិទ្ធិអំណាច តួនាទី និងភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ដើម្បីធានាបាននូវគណនេយ្យភាព ប្រសិទ្ធភាពនៃការ គ្រប់គ្រងកិច្ចការរដ្ឋបាល ការងារអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន។ ជាមួយគ្នានោះដែរ រដ្ឋបាលគ្រប់លំដាប់ថ្នាក់របស់ខេត្ត ត្រូវពង្រឹងការគ្រប់គ្រងវត្តមានក្នុងការបំពេញ ការងាររបស់មន្ត្រីរាជការ បុគ្គលិក និងត្រូវពង្រឹងការងារតែងតាំង ការដំឡើងថ្នាក់ ឋានន្តរស័ក្តិស្របតាមច្បាប់ គោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់ និងចូលរួមចំណែកក្នុងអនុវត្តឱ្យទទួល បានជោគជ័យនៃវិធានគន្លឹះក្នុងកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា រដ្ឋបាលខេត្ត ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងជំរុញលើកទឹកចិត្តមន្ត្រីឱ្យចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ជាពិសេសសមត្ថភាព ជំនាញព័ត៌មានវិទ្យា និងឌីជីថល ដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើបៗ ក្នុងការអនុវត្តការងារឱ្យ កាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។
ប្រភព៖ រដ្ឋបាលខេត្តតាកែវ
ដោយ÷វិឆៃ ញូស៏ Vichhai-News












