ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះពិនិត្យប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ដែលបានផ្ញើឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ចំនួន១១២៥នាក់ ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យវិញ
ព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥ ដោយទទួលបានគោលការណ៍ឯកភាព និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្របពេលសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានភាពធូរស្រាល អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំប្រតិបត្តិការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំ ដែលបានផ្ញើឃុំបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ចំនួន១១២៥នាក់ (ស្ត្រី៦៣នាក់) ទៅឃុំបន្តនៅពន្ធនាគារខេត្តឧត្តរមានជ័យវិញ។
ប្រតិបត្តិការនេះចាប់ផ្តើមនៅវេលាម៉ោង ៣:៣០ ទៀបភ្លឺ និងចេញដំណើរនៅម៉ោង ០៦:០០ព្រឹក ក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានការចូលរួម ឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ បានមកដល់គោលដៅនៅវេលាម៉ោង ៩:០០ព្រឹក ប្រកបដោយសុវត្ថិភាព ក្នុងនោះប្រើប្រាស់កម្លាំងមន្ត្រីពន្ធនាគារសរុប ចំនួន១៦៥នាក់ និងរថយន្តដឹកជញ្ជូន ចំនួន៣៧គ្រឿង។
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ
BY÷VICHAI-NEWS











