(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកា ម៉ៅ ហែ ត្រូវជាមាតាបង្កើត លោក ទី រ៉ូនី ប្រធានសាខា ក.ប.ប. ខេត្តកំពង់ឆ្នាំង នៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨:០០នាទីល្ងាច ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការចូលរួមរំលែកនូវមរណទុក្ខជាមួយ លោក ទី រ៉ូនី និងក្រុមគ្រួសារចំពោះមរណភាពរបស់ ឧបាសិកា ម៉ៅ ហែ ដែលជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារធម៌ថ្លៃថ្លា និងសង្គហធម៌មិនចេះរីងស្ងួតរបស់កូនៗ ចៅៗ និងក្រុមគ្រួសារ។
ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា ម៉ៅ ហែ បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕







