ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានរៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ នៅទីតាំងសួនច្បារជ័យមង្គលព័ត៌មាន ក្នុងបរិវេណ ទីស្តីការក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។
ការរៀបចំពិធីដំឡើងឆ័ត្ររួត ៩ ជាន់ ថ្វាយព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ គឺជាការបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរឱ្យបានគង់វង្ស ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗបានស្គាល់ និងដឹងពីស្នាដៃ និងតម្លៃរួមរបស់បុព្វបុរសជំនាន់មុន ក៏ដូចជាសមិទ្ធផលសង្គមជាតិ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលជាគ្រឹះរឹងមាំសំរាប់សុខសន្តិភាព និងវឌ្ឍនភាពរបស់កូនចៅជំនាន់ក្រោយ។
គួររំលឹកដែរថា រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានរៀបចំពិធីអភិសេកកាលទីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា នាបរិវេណសួនច្បារនៃទីស្តីការក្រសួងព័ត៌មាន ។
រូបបដិមាព្រះបាទជ័យវរ្ម័នទី៧ ជាស្នាដៃជាងចម្លាក់ខេត្តកំពង់ធំ ដែលបានចំណាយពេលឆ្លាក់រយៈពេល ៣ខែ ហើយលោករដ្ឋមន្ត្រី បានតាមពិនិត្យមើលរហូតដល់វិនាទីចុងក្រោយដើម្បីឱ្យទម្រង់រូបបដិមាប្រហាក់ប្រហែលឬស្រដៀងនឹងរូបបដិមាព្រះបាទជ័យវរ្ម័នតម្កល់នៅសារៈមន្ទីរជាតិ និងថ្មភក់នេះយកមកពីខេត្តព្រះវិហារដូចទៅ នឹងថ្មដែលបានប្រើប្រាស់ក្នុងការកសាងប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ។
សមិទ្ធផលថ្មីនៅលើទីតាំងបរិវេណសួនច្បារជ័យមង្គលព័ត៌មាន ក្នុងទីស្តីការក្រសួងព័ត៌មាន គឺសម្រាប់ទុកបន្សល់ជាកេរដំណែល និងត្រូវថែរក្សាទុកសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត៕
BY: HN












